Home តារា&សិល្បៈ ចូលរួមសោកស្តាយ៖ អម្ពរ ទេវី ខកគម្រោងវិលមកទទួលយកអតីត

ចូលរួមសោកស្តាយ៖ អម្ពរ ទេវី ខកគម្រោងវិលមកទទួលយកអតីត

274
0

ភ្នំពេញ: បន្ទាប់​ពី​វត្តមាន​អ្នកស្រី អម្ពរ ទេវី អតីត​តារា​ភាពយន្ត​ជើងចាស់ ហោះ​ពី​ដែន​សមុទ្រ​អាមេរិក មក​ចូលរួម​សម្តែង​ភាពយន្ត «ទឹកចិត្ត​អ្នក​ម្តាយ​សម័យ​ថ្មី» ទាំង​ទទួល​បាន​ជោគជ័យ​ខ្លាំង​នោះ ក៏​ល្បី​ផងដែរ​ថា ម្ចាស់​ស្នាដៃ​រឿង អ្នកស្រី ពាន់ ភួងបុប្ផា មាន​គម្រោង​អញ្ជើញ អម្ពរ ទេវី មក​សម្ដែង​យ៉ាង​តិច ២ រឿង​ទៀត។រូបថតរបស់ យស ស៊ីថា។

អ្នកស្រី ពាន់ ភួង​បុប្ផា ឲ្យ​ដឹង​ថា៖ «បន្ទាប់​ពី​ខ្ញុំ​អញ្ជើញ​គាត់ (អម្ពរ ទេវី) មក​ថត​រឿង​ឲ្យ​ខ្ញុំ​រឿង «ទឹកចិត្ត​អ្នក​ម្តាយ​សម័យ​ថ្មី» ហើយ​ទទួល​បាន​ជោគជ័យ​ពិសេស​ពី​វត្តមាន​គាត់​សម្តែង អ្នកគាំទ្រ​ច្រើន ខ្ញុំ​មាន​បំណង​ហៅ​គាត់ មក​សម្តែង​បន្ត​ទៀត អ៊ីចឹង​ហើយ​ក៏ល្បី​ថា គាត់​វិល​មក​រក​អតីតកាល។ គាត់​មាន​គ្រួសារ​នៅ​អាមេរិក ប្តី​គាត់​ស្រឡាញ់​គាត់​ណាស់ ហើយ​គ្រួសារ​គាត់ និង​លោក ពេជ្រ ភារុណ ក៏​រាប់​អាន​គ្នា​ជា​ធម្មតា​ដែរ»។រូបថតរបស់ Hang Pisey។

អ្នកស្រី​បាន​បញ្ជាក់​ថា៖ «កាល​គាត់​មក​សម្តែង​រឿង​ឲ្យ​ខ្ញុំ អតីត​ប្តី​គាត់​ទៅ​ទទួល​ធម្មតា ហើយ​ប្តី​គាត់​នៅ​អាមេរិក ក៏​សប្បាយចិត្ត បាន​ឪពុក​កូន​គេ​បាន​ជួបគ្នា​ដែរ»។តែ​យ៉ាងណា​អ្នកស្រី​សារភាព​ថា៖ «ខ្ញុំ​ពិតជា​មាន​បំណង​ឲ្យ​អ្នកស្រី អម្ពរ ទេវី​មក​ថត​រឿង​ខ្នាត​ធំ​ទី ២ ឲ្យ​ខ្ញុំ​បន្ទាប់​ពី​ទទួល​ជោគជ័យ​រឿង​ទី ១ កន្លង មក។ ប៉ុន្តែ ពេល​នេះ គម្រោង​នេះ ប្រហែល​ជា​មិន​អាច​ទៅ​វិញ​ទេ»។

គម្រោង​ទី ២ ដែល​ត្រូវ​លុបចោល​នោះ អ្នកស្រី ពាន់ ភួង​បុប្ផា ក៏​បញ្ជាក់​ថា៖ «រឿង​ទី ២ នេះ​និយាយ​ពី​វិស័យ​ដើរ​ម៉ូដ​របស់​យុវវ័យ ព្រោះ​មិន​ចង់​ធ្វើ​អ្វីដែល​ដដែល។ តែ​យ៉ាងណា​ពេល​នេះ ខ្ញុំ​បាន​ផ្អាក​ការថត​រឿងនេះ​ហើយ ដោយសារ​ចុងក្រោយ​នេះ​ខាង​រដ្ឋាភិបាល​រឹត​បន្តឹង​ពន្ធអាករ​ខ្លាំង​ពេក អាច​និយាយ​ថា គិត​ចុះ​គិត​ឡើង​គឺ​មិន​ទទួល​បាន​ផល​ចំណេញ​ទេ»។

អ្នកស្រី​បន្ថែម​ថា៖ «ខ្ញុំ​ក៏​ចង់​ឲ្យ​វិស័យ​ខ្សែ​ភាពយន្ត​រីក​ដុះដាល ហើយ​ក៏ចង់​បាន​តួ​ជើង​ចាស់ៗ​ដូច អម្ពរ ទេវី ដែល​មក​សម្តែង​រឿង​ទី ១ ទទួលបា​ន​ការគាំទ្រ​ច្រើន​ដែរ។ តែ​ដោយសារ​មាន​ការ​យក​ពន្ធ​ច្រើន​ពេក​ទើប​ខ្ញុំ​ផ្អាក​ការ​ធ្វើ​រឿង​មួយរយៈ ប្រសិន​មាន​ការ​អនុគ្រោះ​ការ​យក​ពន្ធ ខ្ញុំ​នឹង​បន្ត​ធ្វើ​រឿង​ខ្នាត​ធំ​បន្ថែម​ទៀត៕

SHARE